ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាព ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាទាក់ទង នឹងការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ ។

ការលើកឡើងនេះ ក្នុងឱកាសដែលលោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោក យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

លោករដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈ នៃការយោគយល់គ្នាទាក់ទងការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា៖«ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ។

ជាការឆ្លើយតប លោក យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្រ្តី ហេង សួរ ។ ដោយភាគីចិនយល់ព្រម ក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ។

លោក យាន ឈីងហ៊ុយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកនិងសហការី បានចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធថែមទៀត ៕



