ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវ ឲ្យជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ កងកម្លាំង គ្រួសារយោធិនពលី យោធិនរងរបួស និងជនភៀសសឹក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារការប្រយុទ្ធគ្នា ។

តាមរយៈសារអំពាវនាវ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាល ឱ្យយោធិនមួយចំនួនត្រូវពលី និងរងរបួស ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃបាន។

សម្ដេច បន្ដថា រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់ គោលនយោបាយ សម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រ ដល់បងប្អូនប្រជាជន ដែលជាជនភៀសសឹក ។

ដើម្បីចលនាការចូលរួមបន្ថែម សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ កងកម្លាំងប្រដាប់អាវុធ របស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី នៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារ យោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀស សឹកដោយសារការប្រយុទ្ធគ្នា នៅពេលនេះ» ៕

To Top