ព័ត៌មានជាតិ

រដ្ឋសភាវៀតណាម អបអរសាទរ កិច្ចព្រមព្រៀង បទឈប់បាញ់ កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សា ការងារជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ខណៈរដ្ឋសភាវៀតណាម អបអរសាទរកិច្ចព្រមព្រៀង បទឈប់បាញ់ កម្ពុជា-ថៃ ដោយងាកមកដោះស្រាយ ដោយសន្តិវិធី។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ ជួបពិភាក្សាគ្នានេះ ក្នុងពេលបំពេញបេសកកម្មការទូត នៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។

ប្រធានរដ្ឋសភា ប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាព ការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក ។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយ ដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាព ដល់ជូនប្រជាពលរដ្ឋទំាងពីរប្រទេស និងក៏ដូចជាតំបន់ផងដែរ។ ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាម នឹងចូលរួមសង្កេតការណ៍ លើបទឈប់បាញ់នេះផងដែរ។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទំាងពីរ និងបានថ្លែងអំណរគុណដល់គ្នា ទៅវិញទៅមក ដែលប្រទេសទំាងពីរតែងតែ ជួយគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ទំាងកម្រិតទ្វេភាគីនិងពហុភាគី ។

សូមរំឭកថាវៀតណាមបានជួយ ដល់ការរំដោះប្រទេសកម្ពុជា ចេញពីរណ្តៅរមណៈនៃរបបប៉ុលពត ប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យ និងការបង្រួបបង្រួមជាតិវៀតណាម កាលពី៥០ឆ្នាំមុន។

សម្តេច ប្រធានរដ្ឋសភាកម្ពុជា និងលោក ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញ ការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខា ហើយនោះ ឱ្យទទួលបានលទ្ធផល កាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិង ប្រទេសទំាងសងខាង ។ ជាពិសេសការ ជំរុញឱ្យមានការ ផ្លាស់ប្តូរគ្នាកាន់ តែសកម្មឡើង រវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទំាងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ ៕

To Top