ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សមាគមទាំងពីរ បានចូលរួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
សមាគមទាំងពីរនិងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយនឹងគ្រឹះស្ថានសមាជិកទាំងអស់ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។
ឆ្លៀតក្នុងឱកាសនេះ សមាគមទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យោធិន នគរបាលជាតិ ដែលតែងយកចិត្តទុកដាក់នូវសុខមាលភាពប្រជាពលរដ្ឋ និងបូជាកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពដែនដី និង ស្វែងរកសន្តិភាពសម្រាប់ប្រជាជន៕
