ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជា ជាអ្នកបង្កសង្គ្រាម និងរំលោភបំពានបទឈប់បាញ់ គឺមិនសមហេតុផលទាល់តែសោះ ។
លោក ប៉ែន បូណា ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ការចោទប្រកាន់ របស់ភាគីថៃមកកម្ពុជាថា បង្កជម្លោះ និងបំពានបទឈប់បាញ់ មិនសមហេតុផលឡើយ ព្រោះកម្ពុជារិះរកគ្រប់មធ្យោបាយ ក្នុងការបញ្ចៀសសង្គ្រាម ។
លោកគូសបញ្ជាក់ថា “យើងបានលឺការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន ហើយឥឡូវនេះយើងលឺ ពាក្យមួយទៀតថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលយើងសម្រេចបាន កាលពីថ្ងៃ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី ។ ទាំងអស់នេះសុទ្ធសឹងតែជាការ ចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយស្ថានភាព នៃប្រទេសកម្ពុជាទាល់តែសោះ”។
អ្នកនាំពាក្យបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ យុទ្ធសាស្រ្ត បញ្ចកោណដោយសម្លឹងឆ្ពោះ ទៅចក្ខុវិស័យ ឆ្នាំ២០៥០ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយឈរលើ មូលដ្ឋានគ្រឹះ នៃសុខសន្តិភាព ដែលកម្ពុជា ត្រូវតែរក្សាសន្តិភាពឲ្យបាន ទើបមានពេលវេលាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ។ ដូច្នេះជម្លោះប្រដាប់អាវុធ ឬក៏សង្គ្រាមគឺកម្ពុជា បានខិតខំបញ្ចៀសឲ្យទាល់តែបាន ។ ជាក់ស្តែង ករណីផ្ទុះជម្លោះ នៅតាមព្រំដែនកម្ពុជា-ថៃ កម្ពុជា បានព្យាយាមដោះស្រាយ និងរកភាគីទី៣ មកសម្របសម្រួលរហូតទទួល បានលទ្ធផលជាទីគាប់ចិត្តគឺ “កិច្ចព្រមព្រៀង នៃបទឈប់បាញ់”៕
