ភ្នំពេញ ៖ ដើម្បីជាការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ យើងដែលជាជនភៀសសឹក លោក លីវ សុភក្ត្រា រដ្ឋលេខាធិកាក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ នាំយកអំណោយមនុស្សធម៌ ១០០០ កញ្ចប់ ( ១០០០ Kits) របស់មូលនិធិជនភៀសខ្លួន និង វីរកងទ័ពជួរមុខ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀស ចេញពីតំបន់ឈ្លានពានរបស់ថៃ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកចុះចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាជនភៀសសឹកចំនួន១០០០គ្រួសារ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងពិធីប្រគល់ និងចែកជូនអំណោយនេះដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ក្នុងឱកាសជួបសំណេះ សំណា លសួរសុខទុក្ខបងប្អូន ជាជនភៀសសឹក នាពេលនេះ លោកលីវ សុភត្ត្រា បានមានប្រសាសន៍បញ្ជាក់ថា អំណោយ មនុស្សធម៌ ដែលបាននាំយកមកចែក ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះ បានមកពីការចូលរួមវិគាគ ទានពីសប្បុរសជន ថ្វីត្បិតតែមិនអាចបំពេញ នូវតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏ជាការរួមចំណែក ជួយសម្រួលដល់ការខ្វះខាត ដល់បងប្អូនយើង បានមួយ រយៈពេលផងដែរ ។

ជាមួយគ្នានោះដែរ លោកក៏បានសំដែងនូវសេចក្តីនឹករលឹក និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យពីការប្រយុទ្ធគ្នា និងដើម្បីជួយសម្រួល ទុកឱកាសឱ្យកងទ័ពនៅសមរភូមិការពារទឹកដី ដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន ដើម្បីការពារនូវអធិបតេយ្យ ភាពទឹកដីរបស់យើងឲ្យបានគង់វង្ស។

នាឱកាសនោះលោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លីវ សុភក្ត្រា និងបងប្អូនដែលជាសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារះប្រើប្រាស់ប្រចាំថ្ងៃ យ៉ាងសន្ធឹកសន្ធាប់ និង ថវិកាមួយចំនួន ចែកជូនដល់បងប្អូនជនភៀសសឹកជម្លៀស ពីតំបន់រងគ្រោះ ដោយការវាយ ប្រហាររបស់កងទ័ពថៃនាថ្ងៃនេះ ។

លោក ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងចាត់ទុកការ ផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិ ក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក៕




