ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងឥតងាករេក្នុងការគោរពអនុវត្តនូវ កិច្ចព្រមព្រៀងបទឈប់បាញ់ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃ អំពីការរំលោភបទឈប់បាញ់ ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានថ្លែងថា ក្រសួងបានគូសបញ្ជាក់រួចហើយនៅក្នុងសេចក្តីថ្លែងការណ៍ អំពីគោលជំហររបស់រាជរដ្ឋាភិបាលចំពោះប្រទេសម៉ាឡេស៊ីដែលធ្វើជាសហប្រធាន និងមានសហរដ្ឋអាមេរិក និងចិនជាសហរៀបចំកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរ ដើម្បីធ្វើយ៉ាងណាឲ្យមានការធូរស្រាលនូវភាពតានតឹងរវាងកម្ពុជានិងថៃ ។
លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា សូមអះអាងជាថ្មីម្តងទៀត នូវការតាំងចិត្តដ៏ពេញលេញនិងឥតងាករេរបស់ខ្លួនក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី”។
ចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា បានរំលោភបទឈប់បាញ់នោះ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបញ្ជាក់ទៅភាគីថៃថា ជាការចោទប្រកាន់ដោយគ្មានភាពត្រឹមត្រូវ ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានការយល់ច្រឡំ ។
លោកបន្ថែមថា ជាមួយគ្នានេះ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរបស់ម៉ាឡេស៊ី ក្នុងការបញ្ជូនគណៈប្រតិភូមួយក្រុមមកកាន់កម្ពុជានិងថៃ ដើម្បីបង្កើតយន្តការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យដ៏ម៉ត់ចត់លើការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសទាំងពីរ ៕
