ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងផ្តល់ក្របខណ្ឌ ដល់សាច់ញ្ញាតិយោធិន ឬនគរបាល ពលី ពេលធ្វើសង្គ្រាមជាមួយថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានថ្លែងអះអាងថា សម្រាប់ជាការលើកទឹកចិត្តនិងផ្តល់តម្លៃដល់យោធិន និងនគរបាលជាតិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុជាតិអំឡុងពេលផ្ទុះ អាវុធរវាងកងទ័ពកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ក្របខណ្ឌពិសេសទៅដល់សាច់ញ្ញាតិមួយរូប ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានមានប្រសាសន៍ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ដោយបានចាត់ តាំងក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត សិក្សារៀបចំកញ្ចប់គោលនយោ បាយលើកទឹកចិត្តជាពិសេសទៅដល់កងកំលាំង ប្រដាប់អាវុធទាំងយោធា និងនគរបាលដែលលះបង់កំលាំង កាយចិត្តចូលរួមដោយផ្ទាល់ក្នុងសមរភូមិជួរមុខការពារបូរណភាពទឹកដី ។

អ្វីកាន់តែជាពិសេសសម្រាប់កងទ័ពជួរមុខ របស់កម្ពុជាដែលបានពលី និងពិការភាពនោះ បើលោកស្រី គឺរាជរដ្ឋាភិបាលកម្ពុជាមានផែនការ ច្បាស់លាស់ជាមួយក្រុមគ្រួសារពួកគាត់ជាក់លាក់បំផុត ។

ដោយអ្នកនាំពាក្យគូសបញ្ជាក់ថា “ចំពោះយោធិន និងកងនគរបាលដែលបានពលី ឬក៏ធ្លាក់ខ្លួនពិការ មិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ក្របខណ្ឌជូនសាច់ញ្ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើការ និងបម្រើប្រទេសជាតិ ក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬក៏ធ្លាក់ខ្លួនពិការ” ។

លោកស្រីបន្តថា សម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ផ្តល់កិច្ចអន្តរាគមន៍គាំទ្រដល់ពួកគាត់គ្រប់ពេលវេលា៕

To Top