ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា បន្តចុះសួរសុខទុក្ខវីរៈកងទ័ព និងពលរដ្ឋ នៅមន្ទីរបង្អែកសៀមរាប

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរៈកងទ័ពរងរបួស និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេស កម្រិតជាតិ និងខេត្ត។

សាស្រ្តាចារ្យ បានបញ្ជាក់ពីទឹកចិត្ត គោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរៈភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញនាទី ជាកងទ័ពអាវសជួរក្រោយបន្ទាប់ ឈរលើសាមគ្គីភាព ជាធ្លុងមួយដែលបានយក ចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរ។

បន្ថែមពីនេះ ក្រសួងសុខាភិបាល តាមរយៈសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចុះផ្ទាល់ ដើម្បីប្រគល់សម្ភារបរិក្ខារពេទ្យ ក្នុងការពង្រីកសមត្ថភាព ព្យាបាលឲ្យបានកាន់តែទូលំទូលាយ ដើម្បីដើរតួនាទីជាមន្ទីរពេទ្យកម្រិតតំបន់ ដែលមានសមត្ថភាពខ្ពស់ផ្តល់រោគវិនិច្ឆ័យ និងសមត្ថភាពព្យាបាល ប្រហាក់ប្រហែលមន្ទីរពេទ្យជាតិ ៕

To Top