ព័ត៌មានជាតិ

ក្រសួងការងារអំពាវនាវ ដល់ប្រជាជនខ្មែរ នៅប្រទេសជប៉ុន ប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមិ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមិ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងការងារជូនដល់បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ប្រទេសជប៉ុនបានប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិដែលមានកម្រិតកម្ពស់រហូតដល់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, S Wakayama ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន)។

ពាក់ព័ន្ធរឿងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា បាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។

ក្រសួងបានបញ្ជាក់ផងដែរថា ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរង ផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមាន តំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤ ឬទំព័រហ្វេសប៊ុក https://www.facebook.com/cambodianembassyinjapan និង ទូរសព្ទអនុព័ន្ធការងារលេខ +៨១ ៨០ ៣៣៦២ ៦១៦៨៕

To Top