ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា អនុព័ន្ធយោធាទាំង១៣ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅរសៀលថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅព្រឹកថ្ងៃ៣០ កក្កដានេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ ដែលបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងពីភាគីថៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កាលពីរាត្រីថ្ងៃ២៨ កក្កដា។
លោកស្រីបន្តថា “គំនិតផ្តួចផ្តើមនេះ បង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិ ចំពោះតម្លាភាព ស្ថិរភាពក្នុងតំបន់ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និងការដោះស្រាយភាពតានតឹងដោយសន្តិវិធី” ។
អ្នកនាំពាក្យគូសបញ្ជាក់ថា ក្នុងនាមជាប្រជាជាតិដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព កម្ពុជាបញ្ជាក់សារជាថ្មី និងប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអនុវត្តយ៉ាងពេញលេញនិងស្មោះត្រង់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាអ្នកដឹកនាំកិច្ចប្រជុំ ដើម្បីវិលមកស្ថានភាពមុនការផ្ទុះសង្គ្រាមកាលពីថ្ងៃ២៤ កក្កដា ។
ជាមួយគ្នានេះលោកស្រីថា ក្រសួងការពារជាតិ នៅតែចូលរួមយ៉ាងសកម្មតាមរយៈបណ្តាញការទូតដោយផ្តល់អាទិភាពដល់យន្តការសន្តិវិធី សម្រាប់ដោះស្រាយបញ្ហាវិវាទរវាងកម្ពុជា-ថៃ ៕




