ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សង្រ្គាមលើកនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការស្រឡាញ់កងទ័ពពីសំណាក់ប្រជាជនកម្ពុជា

សៀមរាប ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងថា សង្រ្គាមលើកនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងពីសាមគ្គីភាព ទឹកចិត្ត និងការស្រឡាញ់ ដល់កងទ័ពពីសំណាក់ប្រជាជនកម្ពុជា។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅ ជូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជិត ១៥០០នាក់ ក្នុងនោះរួមមាន ទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី៣០ កក្កដា នេះ។

លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនពីការសម្រេចបាននូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង ១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលសន្តិភាពនឹងត្រឡប់មកដូចដើមវិញ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកនឹងអាចបានត្រឡប់ទៅទីលំនៅវិញ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីថា រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងការអំពាវនាវ ដល់សមាគម ធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយពិនិត្យលទ្ធភាពសម្រាល បន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារ យោធិនពលី របួស និងពិការ ព្រមទាំងជនភៀសសឹកផងដែរ ។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីភាពអត់ធ្មត់របស់ប្រទេសកម្ពុជា ដើម្បីចៀសវាងនូវសង្រ្គាម ព្រោះប្រទេសកម្ពុជា បានឆ្លងកាត់សង្រ្គាមជាច្រើន លើកច្រើនសារ អស់រយៈពេលរាប់សតវត្សរ៍ និងស្គាល់ច្បាស់ពីផលលំបាក កើតចេញពីសង្រ្គាម ប៉ុន្តែមិនអាចចៀសវាងបាន ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី ៕

To Top