ព័ត៌មានជាតិ

ណាហ្គាវើលដ៍បេះដូងសប្បុរស ប្រគល់រង្វាន់ដល់ជ័យលាភី​ នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង

ភ្នំពេញ​ ៖ ​ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព ការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអបអរសាទរ ដល់ជ័យលាភី នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនៅក្នុងពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ នៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីប្រគល់រង្វាន់ ដល់សាលារៀន ជ័យលាភីបានប្រកួតប្រជែងគ្នារយៈពេល ៧ ខែ ដែលលើកទឹកចិត្តឲ្យមានការ ប្រកាន់ទម្លាប់កាន់តែស្អាត និងបៃតងក្នុងចំណោមសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ និងវិទ្យាល័យទាំង ៦៧ មកពីខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ។

ពេលវេលាប្រកបដោយមោទនភាពជាមួយជ័យលាភីសាលារៀនស្អាតទាំងអស់ដែលបានធ្វើជាគំរូសម្រាប់ទាំងអស់គ្នា

ពានរង្វាន់ចំនួន ១០ ប្រភេទត្រូវបានប្រគល់ ជូនដល់ជ័យលាភីដែលមានរង្វាន់ជាសាច់ប្រាក់ និងសម្ភារសរុបជាទឹកប្រាក់មានចំនួនជាង ១ ម៉ឺនដុល្លារអាមេរិក ក្នុងនោះសាលារៀនចំនួន ៣៧ ទទួលបានរង្វាន់ ជាសម្ភារដែលច្នៃពីកាកសំណល់ប្លាស្ទិក ដែលពួកគេប្រមូលបានក្នុងអំឡុងពេលប្រកួតប្រជែង នេះបង្ហាញថា កាកសំណល់អាចច្នៃទៅ ជារបស់មានតម្លៃឡើងវិញ ។ សរុបរួម កាកសំណល់ប្លាស្ទិកប្រមាណ ៣,៥៥ តោនត្រូវបានប្រមូលស្មើនឹង ដបប្លាស្ទិកប្រហែល ២៨៤.០០០ ដបនៅក្នុងយុទ្ធនាការនេះ ។

លោកជំទាវ គឹម សេដ្ឋានី (ទី៣រាប់ពីឆ្វេង) អបអរសាទរដល់ជើងឯកនៃពានរង្វាន់សាលារៀនស្អាតសម្រាប់ស្នាដៃឆ្នើមរបស់ពួកគេ។

លោកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍បានរៀបចំកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង។ លោកស្រីបានឲ្យដឹងថា គំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះកំពុងជួយកសាងប្រទេសកម្ពុជា ឲ្យកាន់តែស្រស់បំព្រង និងបៃតងសម្រាប់ទាំងអស់គ្នា ។ ខ្ញុំសូមលើកទឹកចិត្តឲ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូគ្រប់រូបបន្តអនុវត្តវិន័យល្អ និងទទួលខុសត្រូវក្នុងការបង្កើតបរិស្ថាន ដែលមានសុខភាពល្អ។ ទាំងអស់គ្នា យើងអាចបណ្តុះនូវវប្បធម៌នៃការគាំពារ និងនិរន្តរភាពនឹងផ្តល់ប្រយោជន៍ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កើតឡើងពីគំនិតដ៏សាមញ្ញមួយ ។ នៅពេលក្មេងៗ និងសហគមន៍របស់ពួកគេត្រូវបានលើកទឹកចិត្តឲ្យធ្វើសកម្មភាព នោះពួកគេនឹងបង្កើតការ ផ្លាស់ប្តូរយូរអង្វែង ។ យើងមានមោទនភាព ដែលឃើញលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសូម្បីតែឪពុកម្តាយ របស់ពួកគេបានចូលរួម ដែលធ្វើឲ្យគំនិតផ្តួចផ្តើមបៃតងនេះ ក្លាយជាទម្លាប់ប្រចាំថ្ងៃ និងបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសាលារៀនរបស់ពួកគេ ។ ខ្ញុំសូមសរសើរដល់ការប្តេជ្ញាចិត្ត របស់ពួកគេជាខ្លាំង ការចូលរួមរបស់ពួកគេនឹងជះឥទ្ធិពលល្អ នៅតាមសាលារៀនប៉ុណ្ណោះ ប៉ុន្តែនៅតាមសហគមន៍ ដែលពួកគេកំពុងរស់នៅផងដែរ ។
ត្រូវបានដំណើរការ ដោយណាហ្គាវើលដ៍ បេះដូងសប្បុរស កម្មវិធីនេះជំរុញលើកទឹកចិត្តសាលារៀនឲ្យចូលរួមសម្អាត និងប្រមូលកាកសំណល់ប្លាស្ទិក ពីខែធ្នូឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ។ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសិក្ខាសាលាណែនាំសាលារៀន ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងដាក់ពិន្ទុរៀងរាល់ខែនៅសាលារៀនទាំង ៦៧ ខណៈ Gomi Recycle ជាក្រុមហ៊ុនដៃគូផ្នែកកែច្នៃឡើងវិញបានចូលរួមប្រមូល និងកែច្នៃកាកសំណល់ប្លាស្ទិកឡើងវិញ។ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងក្នុងការបង្កើតប្រទេសកម្ពុជា កាន់តែស្រស់បំព្រង និងបៃតងដោយអប់រំសិស្សានុសិស្សអំពីការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ។

នាយកក្រុមហ៊ុន Gomi Recycle លោក Mizuno Hokuto (ទី២រាប់ពីឆ្វេង) ប្រគល់ប្រអប់ដាក់គម្របដបប្លាស្ទិកដល់សាលារៀនជ័យលាភីទាំង៣ ដែលទទួលស្គាល់ដល់ការខិតខំប្រឹងប្រែងប្រមូលកាកសំណល់ប្លាស្ទិករបស់ពួកគេ។

លោក Yusuke Okumura នាយក និង ជាស្ថាបនិកក្រុមហ៊ុន Gomi Recycle បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់បាន ចូលរួមក្នុងកម្មវិធីនេះ។ លោកបានបង្ហើបឲ្យដឹងថា យើងមិនត្រឹមតែរៀន អំពីការការពារ បរិស្ថានប៉ុណ្ណោះទេប៉ុន្តែយើងរៀនរស់នៅ ជាមួយវាជាមួយភាពស្អាត ។ អរគុណដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានចំណាយពេលវេលា កម្លាំង និងទឹកចិត្តចូលរួមក្នុងកម្មវិធីនេះ។ ផែនដីមានភាពប្រសើរឡើងដោយសារអ្នកទាំងអស់គ្នា ហើយសាលារៀនរបស់យើងកាន់ស្រស់ស្អាតដូចគ្នា។
ជាមួយសិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូសរុបជាង ៨៥០ នាក់ ពិធីប្រគល់រង្វាន់នេះពោរពេញ ដោយភាពរំភើបរីករាយក្នុង ខណៈពេលដែលអ្នកឈ្នះត្រូវបានប្រកាស ដែលធ្វើឲ្យសាលារៀនដែលបានចូលរួមទាំងអស់អាចឃើញពីឥទ្ធិពលវិជ្ជមាននៃការខិតខំប្រឹងប្រែងរបស់ពួកគេ និងសាទរដល់ជ័យជម្នះឲ្យគ្នាទៅវិញទៅមក ។

អារម្មណ៍របស់សិស្សានុសិស្សនៅក្នុងពិធីប្រគល់រង្វាន់ក្នុងខណៈពេលពួកគេរង់ចាំការប្រកាសលទ្ធផល។

លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អម ក្នុងខណ្ឌទួលគោក បានដឹកនាំសាលារៀនរបស់គាត់ ទទួលបានជោគជ័យជាជើងឯក នៃកម្មវិធីសាលារៀនស្អាត។ គាត់បានចែករម្លែកថា សម្រាប់ការប្រកួតប្រជែងនេះ ពួកយើងរៀបចំកាលវិភាគដើម្បីឲ្យសិស្សរបស់យើងបោស សម្អាតសាលារៀន ទាំងមូលចាប់ពីច្រកចូល រហូតដល់អាហារដ្ឋាន ។ ពួកយើងក៏បានលើកទឹកចិត្តពួកគេឲ្យបំផុស គំនិតផ្តួចផ្តើម ដើម្បីកែច្នៃកាកសំណល់ប្លាស្ទិក ធ្វើជារបស់អាចប្រើប្រាស់ឡើងវិញផងដែរ។ ការឈ្នះពានរង្វាន់នេះគឺជា ភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សរបស់យើង។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលពួកគេមានភាពជាម្ចាស់លើខ្លួនឯងក្នុងការសម្អាត ច្នៃ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យសាលារៀនរបស់យើងកាន់តែស្រស់បំព្រង និងបៃតង ។
បន្ថែមទៅលើពានរង្វាន់ សាលារៀនស្អាត និង ការប្រមូលកាកសំណល់ប្លាស្ទិក សាលារៀនក៏ត្រូវបានទទួលស្គាល់ស្នាដៃ នៅក្នុងប្រភេទពានរង្វាន់ គំនិតផ្តួចផ្តើម កាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត និងពានរង្វាន់ជាច្រើនទៀតផងដែរ ។ ពានរង្វាន់ឯកត្តជន ក៏ត្រូវបានផ្តល់ជូនផងដែររួមមាន គ្រូដឹកនាំការងារ បរិស្ថានឆ្នើម និងពានរង្វាន់អ្នកអភិរក្សបរិស្ថាន គំរូវ័យក្មេងឆ្នើម ។

ពានរង្វាន់ដែលបានប្រគល់ជូនសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងការប្រកួតប្រជែងសាលារៀន និងបរិស្ថានបៃតងឆ្នាំ២០២៤-២០២៥ មានដូចខាងក្រោម ៖
១. ពានរង្វាន់សាលារៀនស្អាត

សិស្សានុសិស្សដឹកនាំការបែងចែក និងកែច្នៃកាកសំណល់ឡើងវិញដោយប្រមូលបានកាលសំណល់ប្លាស្ទិក ៣,៣៥ តោនអំឡុងពេលប្រកួតប្រជែង។
  • ជើងឯក ៖ អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
  • ចំណាត់ថ្នាក់លេខ២ ៖ វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
  • ចំណាត់ថ្នាក់លេខ៣ ៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
    ២. ពានរង្វាន់កែច្នៃឡើងវិញឆ្នើម
  • វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
    ៣. ពានរង្វាន់អ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើម
  • ក្រុមសិស្សមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
  • ក្រុមសិស្សមកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
  • ក្រុមសិស្សមកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
    ៤. ពានរង្វាន់គំនិតផ្តួចផ្តើមកាត់បន្ថយកាកសំណល់ប្លាស្ទិកច្រើនបំផុត
  • អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ)
    ៥. ពានរង្វាន់សាលារៀនដែលមានគំនិតផ្តួចផ្តើមនវានុវត្តន៍ឆ្នើម
  • វិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
    ៦. ពានរង្វាន់សាលារៀនដែលខិតខំអភិវឌ្ឍខ្លួនក្លាយជាសាលារៀនស្អាត
  • អនុវិទ្យាល័យព្រែករាំង (ខណ្ឌជ្រោយចង្វា)
    ៧. ពានរង្វាន់សាលារៀននិរន្តរភាព និងទំនួលខុសត្រូវបរិស្ថាន
  • វិទ្យាល័យព្រែកលៀប (ខណ្ឌជ្រោយចង្វា)
    ៨. ពានរង្វាន់ក្រុមអ្នកអភិរក្សបរិស្ថានគំរូវ័យក្មេងឆ្នើមច្រើនបំផុត
  • អនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
    ៩. ពានរង្វាន់គ្រូដឹកនាំការងារបរិស្ថានឆ្នើម
  • លោក ឃុន ពិសិដ្ឋ គ្រូបរិស្ថានមកពីអនុវិទ្យាល័យអូរបែកក្អម (ខណ្ឌទួលគោក)
  • លោក មុំ ស៊ីណែត គ្រូបរិស្ថានមកពីវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ (ខណ្ឌច្បារអំពៅ)
    ១០. សាលារៀនដែលមានការអនុវត្តល្អបំផុតក្នុងការប្រមូលកាកសំណល់ប្លាស្ទិក
  • វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ខណ្ឌជ្រោយចង្វា)
  • វិទ្យាល័យជាស៊ីមចំរើនរដ្ឋ (ខណ្ឌឫស្សីកែវ)
  • អនុវិទ្យាល័យត្រពាំងសាលា (ខណ្ឌដង្កោ) ៕
បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសចុះត្រួតពិនិត្យ តាមដាន វាយតម្លៃ និងដាក់ពិន្ទុប្រចាំខែនៅតាមសាលារៀនទាំង ៦៧ ក្នុងរាជធានីភ្នំពេញ

To Top