ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៨, ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ២៥៦៧ ក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ថា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។

ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរកឃើញការខូចខាត ដូចជា ៖

១-ផ្លូវជាតិលេខ៥៨ ៖ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគីឡូម៉ែត្រ ១១៨+៥០០ ដល់ គីឡូម៉ែត្រ ១៦៣+៣០០។ សរុបផ្ទៃកៅស៊ូ ៤៩,៤០ម៉ែត្រការ៉េ, សរុបជើងទេ ១០ម៉ែត្រ, សរុបធ្លុះបេតុងស្ពាន ២ម៉ែត្រការ៉េ។

២-ផ្លូវជាតិលេខ៦៨ ៖ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះគីឡូម៉ែត្រ៩០+០០០ ដល់ គីឡូម៉ែត្រ១០៤+០០០។ សរុបផ្ទៃកៅស៊ូ ៣៦ម៉ែត្រការ៉េ។
៣-ផ្លូវខេត្តលេខ២៥៦៧ ៖ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណីចន្លោះគីឡូម៉ែត្រ១៥+០០០ ដល់ គីឡូម៉ែត្រ២២+០០០។ សរុប ផ្ទៃកៅស៊ូ ១៥០,៦០ម៉ែត្រការ៉េ, សរុប ចិញ្ជើម ១.០០ម៉ែត្រ, សរុប បេតុងលូ ២.០០ម៉ែត្រគីប។

លើសពីនេះ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា ក្នុងចំណោមកំណាត់ផ្លូវដែលបានត្រួតពិនិត្យ មានតែផ្លូវជាតិលេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ ២៥៦៧ (គោកមន- ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំ។ ចំណែកផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា។
អ្នកនាំពាក្យ បន្ដថា ជារួមស្ថានភាពផ្លូវក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតានៅលើកំណាត់ផ្លូវជាតិលេខ៥៦ លើកលែងតែកំណាត់ផ្លូវមួយចំនួនប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ។ អ្នកនាំពាក្យ ថា «សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ»៕

