ព័ត៌មានជាតិ

កម្ពុជា ព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀង បញ្ចប់ជម្លោះរវាង កម្ពុជា-ថៃ ក្នុងបំណងចៀស​វាងការបាត់បង់ អាយុជីវិតមនុស្ស

ភ្នំពេញ ៖ កម្ពុជា បានព្យាយាម ដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធរវាង កម្ពុជា-ថៃ ទាំងស្រុង ក្នុងបំណងចៀសវាង ការបាត់បង់ អាយុជីវិតមនុស្ស និងរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការប្រយុទ្ធគ្នា។

តាមរយៈសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធដាច់អហង្ការ ចំពោះសេចក្តីប្រកាស របស់ក្រសួងការបរទេសថៃ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា «កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នា កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី» ។

ជាថ្មីម្តងទៀត កម្ពុជា បានទាត់ចោលទាំងស្រុង ការបន្តប្រឌិតអះអាងរបស់ថៃនេះ ដូចដែលបានធ្វើរួចមកហើយ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។

កម្ពុជា ព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀង បញ្ចប់ជម្លោះប្រដាប់អាវុធ ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់ អាយុជីវិតមនុស្សដោយមិន ចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខ របស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា។ កម្ពុជា បញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី ។
បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូរទៅលើគោលដៅចម្បង ក្នុងស្តារ សន្តិភាព និងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុង តំបន់ទាំងមូល។

ក្នុងន័យនេះ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការ បង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍ សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្ត យ៉ាងមានប្រសិទ្ធភាពតាមការព្រមព្រៀងគ្នា។ កម្ពុជាក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះការ គាំទ្ររបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតដែលយកចិត្តដាក់ ក្នុងការធ្វើអោយ បទឈប់បាញ់មានស្ថិរភាពឋិតថេរយូរអង្វែង៕

To Top