ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កងកម្លាំងកម្ពុជា ចំនួន២១រូប ស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ ខណៈដែលបានទទួលសពកងកម្លាំងម្នាក់មកវិញ និងកំពុងចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ត្រឡប់មកវិញ ឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព ។
ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការពារជាតិខាងលើនេះ ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង៧៖៣០នាទីព្រឹក ។
ក្នុងនោះ លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះគោលការណ៍ស្នូល នៃកិច្ចព្រមព្រៀងដែលរួមមាន ការឈប់បាញ់ជាបន្ទាន់, ការរក្សាទីតាំងទ័ព, មិនបង្កើតទ័ព និងសភាវុធ កម្ពុជា ជំរុញឱ្យទាំងអស់គ្នាចូលរួមចំណែក ដើម្បីឱ្យមានលទ្ធផលកាន់តែវិជ្ជមាន ។
អ្នកនាំពាក្យរូបនេះ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តមកពីសម្តេចតេជោ គឺនៅបន្តរក្សាឈរលើអភិក្រម គឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់រូបខ្ពស់បំផុត ។
លោកស្រីអ្នកនាំពាក្យ បានថ្លែងថា “ពាក់ព័ន្ធនឹងករណីដែលបានកើតឡើង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧និង៥០នាទីព្រឹក កងកម្លាំងកម្ពុជា ចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ យើងបានទទួលសពចំនួន១រូប” ។
ជាមួយគ្នានេះនេះ លោកស្រី ម៉ាលី សុជាតា បញ្ជាក់បន្ថែមថា អ្វីដែលសំខាន់បំផុតរបស់កម្ពុជា គឺនៅបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ពលរដ្ឋ និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចដែលអ្វីដែលបាននិងកំពុង ខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្ននេះ ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដី យ៉ាងមុះមុត ក្លាហាន ប្រកបដោយស្មរតីស្នេហាជាតិ យ៉ាងជ្រាលជ្រៅបំផុត ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា “យើងនិងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ត្រឡប់មកវិញ ឱ្យបានឆាប់បំផុត ដោយសុវត្ថិភាព” ។
បន្ថែមលើនេះ ក្រសួងការពារជាតិ បានអំពាវនាវ ដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណា បញ្ជូនកម្លាំងរបស់កម្ពុជា ទាំង២០រូប ឱ្យត្រឡប់មកវិញ ឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀត ប្រសិនមាន ក្នុងការគ្រប់គ្រង់របស់ថៃផងដែរ៕
