ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានលើកឡើងថា លោកមកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀស សឹកដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ គឺក្នុងនាមសមាជិកគ្រួសារ មួយជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យ បានណែនាំអំពីវិធីសាស្ត្រ នៃការថែទាំសុខភាព ដោយអនុវត្តវិធានការ សុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចំអិនអាហារឲ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាគរូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំ នៃបុគ្គលិកសុខាភិបាល។

សាស្ត្រាចារ្យ ក៏បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាល នៅតាមស្តង់ប្រចំាការសុខភាព និងកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស៕













