ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ អំពី ការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ថ្លែងក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើការ អប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និង រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែក យ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានដំណើរការល្អ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្ដុះបណ្ដាលជំនាញគ្រឿង ម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្រ្តីថ្លែងថា៖«តាមរយៈសេចក្ដីព្រាង អនុស្សរណៈ នៃការយោគយល់គ្នានេះ យើងសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជា ឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះយើងទន្ទឹងរង់ ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី ដើម្បីអនុវត្តគម្រោង ឱ្យមានប្រសិទ្ធភាពខ្ពស់»។

ជាការឆ្លើយតប លោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឯកភាពចំពោះការលើកឡើងរបស់លោកហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្រ្តីជំនាញ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅដល់ការ សម្រេចនូវសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នា ឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការ អនុវត្តគម្រោងអប់រំបណ្ដុះ បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅព្រះរាជាណាចក្រកម្ពុជា៕





