ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានសប្បុរសជន យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានី បាននាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ។

ក្នុងនោះលោកអភិបាល គូសបញ្ជាក់ថា ថវិកា ទទួលបានជាង៦៧ម៉ឺនដុល្លារ បើសរុបទាំងគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ប្រហែល១លាន៥សែនដុល្លារអាមេរិក នេះពិតជាបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិទាំងមូល។

ការលេីកឡេីងរបស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នៅសាលារាជធានីភ្នំពេញ ខណៈលោកនៅរងចាំទទួលអំណោយ ពីសប្បុរសជននានា។

លោកអភិបាល មានប្រសាសន៍ថា យើងឃើញថាគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការទាំងអស់ គឺរួបរួមគ្នាខ្មែរតែមួយ អ្នកមានធនធានតិច ផ្តល់ជូនតិច អ្នកមានធនធានច្រើន ផ្តល់ជូនច្រើន ដើម្បីផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសខ្លួន រស់នៅទីតាំងសុវត្ថិភាព គឺធ្វើយ៉ាងណា ការពារបូរណភាពដែនដី ពីចោរឈ្លានពានឱ្យបានដាច់ខាត។

លោកអភិបាលរាជធានីភ្នំពេញ ក៨បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សានូវវប្បធម៌នេះ ឲ្យបានគង់វង្សតទៅ ដើម្បីការពារបូរណភាពទឹកដី របស់យើងឲ្យបានរឹងមាំ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទទួលនូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗពីសប្បុរសជននានា នោះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកសាលារាជធានីភ្នំពេញ យ៉ាងច្រើននិងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីបរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗបញ្ជូនទៅឲ្យកងទ័ព ជួរមុខនិងជនភៀសខ្លួន។ នេះពិតជាបានបង្ហាញឲ្យឃើញ ពីស្មារតីស្នេហាជាតិសាមគ្គីភាព ឯកភាពជាតិយ៉ាងធំធេង របស់ប្រជាពលរដ្ឋខ្មែរទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងការចង្អុលបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

ក្នុងនោះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែលថា ចំពោះគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបាន ក៏បានចាត់ឲ្យអភិបាលរងម្នាក់ដឹកនាំបញ្ជូនយកទៅផ្ដល់ជូន ទៅដល់អាជ្ញាធរខេត្តនិងកងទ័ពជួរមុខភ្លាមៗ បើទោះបីមិនបានយកទៅប្រគល់ជូន កងទ័ពជួរមុខដោយផ្ទាល់ដៃ ព្រោះតំបន់នោះជាតំបន់ក្តៅ មិនអាចចូលទៅដល់៕

To Top