ជប៉ុន ៖ សហគមន៍ខ្មែរ និងប្រជាពលករ នៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញ ឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។

បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បី ថ្លែងអំណរគុណប្រធានាធិបតី Donald Trump ដែលនាំមក នូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ រួមទាំងជាការបង្ហាញពី រួបរួមនិងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ។

សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរៈភាព នៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការគោរពវិញ្ញាណក្ខន្ធ កងទ័ពពលីនៅសមរភូមិជួរមុខដែលបានបូជា និងលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិផងដែរ៕








