ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សន្តិភាព គឺជាអត្តសញ្ញាណរបស់កម្ពុជា នៅក្នុងយុគសម័យសម្តេចតេជោ និងសម្តេចធិបតី ដោយថ្នាក់ដឹកនាំបានចាត់ទុកសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជារបស់ដ៏មានតម្លៃជាងអ្វីៗទាំងអស់ ។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា តម្លៃសន្តិភាពក្នុងសម័យតេជោនិងធិបតីគឺជារបស់ដ៏កម្រសម្រាប់កម្ពុជាក្នុងរយៈពេលជាង៥០០ ឆ្នាំចុងក្រោយ។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានស្រុះស្រួលគ្នា ជាធ្លុងមួយក្រោកឈរឡើងការពារសន្តិភាព និងគាំទ្រកងកំលាំងប្រដាប់អាវុធ ដោយក្តីអង់អាចក្លាហាន ជាពិសេសទាមទារឲ្យមានការដោះលែងទ័ពខ្មែរទាំង១៨ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ។ សំឡេងគាំទ្រដ៏ស្រុះគ្នាពីសំណាក់ពលរដ្ឋខ្មែរនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា ត្រូវការរស់នៅក្នុងសុខសន្តិភាពដោយគ្មានការបំពារបំពាន ។
អ្នកនាំពាក្យបន្ថែមថា “ដូចដែលប្រជាពលរដ្ឋខ្មែរ បានជ្រាបពេញបេះដូងទាំងអស់គ្នា សន្តិភាពគឺជាអត្តសញ្ញាណរបស់កម្ពុជានៅក្នុងយុគសម័យតេជោ-ធិបតី ។ ថ្នាក់ដឹកនាំរបស់យើងចាត់ទុកសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនគឺជារបស់ដ៏មានតម្លៃជាងអ្វីៗទាំងអស់ ហើយជារបស់ដ៏កម្រក្រក្រៃណាស់របស់កម្ពុជា ក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ”។
លោកបញ្ជាក់ថា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពេលថ្មីៗនេះ កើតឡើងដោយស្មារតីស្រឡាញ់សុខសន្តិភាព នៃដឹកនាំរបស់កម្ពុជា ក្រោមការជួយជ្រោមជ្រែង ពីបណ្តាមេដឹកនាំនៃប្រទេសមហាអំណាចធំៗដែលស្រឡាញ់សន្តិភាព៕
