ភ្នំពេញ៖ ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយ ទ្រង់ទ្រាយធំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលរដ្ឋតាមមូលដ្ឋាន និងពលករជិត២ពាន់នាក់ទទួលបានឱកាសការងារភ្លាមៗ ខណៈដែលអ្នកចូលរួមការផ្សព្វផ្សាយ ប្រមាណជិត១ម៉ឺននាក់ នៅតាមឃុំសង្កាត់ចំនួន២៨ ក្នុងខេត្តចំនួន៧នៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ។

អ្នកនាំពាក្យដដែលរូបនេះ បានបន្តថា ថ្ងៃទី២ ខែសីហា ដែលជាថ្ងៃទី១ នៃយុទ្ធានាការ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយ ឱកាសការងារទ្រង់ទ្រាយធំស្តីពីឱកាសការងារ និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃចំនួន៣០០ឃុំដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

លោក ស៊ុន មេសា បញ្ជាក់ ៖ “ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរ ដែលទើបមកពីថៃ បានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ប.ស.ស.ជាច្រើន ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបាន ឱការការងារភ្លាមៗជិត២ពាន់កន្លែងផងដែរ”។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី១នេះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២៨ ក្នុងខេត្តចំនួន ៧ ដែលរួមមាន៖ ខេត្តកំពង់ធំ, កំពង់ចាម, កំពត, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, និងស្វាយរៀងដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារ ដល់ពលរដ្ឋខ្មែរដែល ទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការ ជំហានទី៣ និងទី៤ បន្ថែមទៀត៕





