ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រៀបចំកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង»

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា។

ពិធីបរិច្ចាគឈាមគាំទ្រកម្លាំងជួបមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និង កម្លាំងនគរបាលការពារព្រំដែន ដែលបានកំពុងអនុវត្តបទបញ្ជា ការពារអធិបតេយ្យភាពជាតិ និងបូណភាពទឹកដី ប្រកបដោយភាពអង់អាចច្បាស់លាស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួល ពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) វិស័យមហាផ្ទៃ និងកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល ។

លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកបដោយមនសិការជាតិ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា និង ភរិយា បានដឹកនាំក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទ រៀបចំប្រព្រឹត្តទៅនេះ ជាកាយវិការបង្កប់ដោយទឹកចិត្តគាំទ្រ ដ៏ស្មោះសបំផុតចំពោះកម្លាំងយុទ្ធជនជួរមុខ ដែលឈរជើងត្រៀមប្រយុទ្ធតតាំងសត្រូវឈ្លានពាន ដោយហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។ បើតាមអ្នកនាំពាក្យ ការរួមចំណែកនេះ នៅតែពុំអាចតបស្នងបានឡើយ ចំពោះពលិកម្មរបស់កម្លាំងយុទ្ធជនជាតិ និងការលះបង់ដ៏ធំធេង នៃក្រុមគ្រួសារយុទ្ធជន។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសជាតិ ទទួលរងអំពើឈ្លានពានពីកងទ័ពថៃដ៏សាមាន្យ តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីភាគខាងជើងជាប់ប្រទេសឡាវ រហូតភាគខាងលិចជាប់សមុទ្រ ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានវ៉ិញស្មារតីគ្នាជាធ្លុងមួយ គាំទ្រដោយឥតងាករេ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី និងយុទ្ធជនជាតិ ដែលបានទទួលបទបញ្ជាឈរជើងការពារយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន។

រលកមនសិការស្នេហាជាតិដ៏បរិសុទ្ធ ស្របតាមទស្សនៈបេះដូងដើរក្នុងចង្វាក់តែមួយ បានប្រែក្លាយជាសកម្មភាពជាក់ស្ដែងគួរជាទីមោទនៈ ទាំងការគាំទ្រជំនួយសម្ភារៈ ស្បៀងអាហារ និងការគាំពារគ្រប់បែបយ៉ាងចេញពីប្រជាពលរដ្ឋជួរក្រោយ ដល់ពលរដ្ឋភៀសសឹក ដល់យុទ្ធជន និងការលើកទឹកចិត្តខ្ពស់បំផុត ជូនរាជរដ្ឋាភិបាល ដើម្បីយកឈ្នះទាំងសមរភូមិប្រយុទ្ធ និងសមរភូមិកាទូត ឈរលើសន្តិភាព និងច្បាប់អន្តរជាតិ៕

To Top