ព្រះវិហារ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយម៉ូតូចំនួន១០គ្រឿង ថវិកាចំនួន១០១៨២ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ជូនដល់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ខណៈដែលម៉ូតូទាំង១០គ្រឿង និងសម្ភារប្រើប្រាស់ទាំងនេះ ទទួលពីសប្បុរជនមុន១ថ្ងៃប៉ុណ្ណោះ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូន ទៅឱ្យតំណាងឯកឧត្ដមឧត្ដមសេនីយ៍ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

លោក ឯក ឃុនដឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក និងសូមថ្លែងអំណរគុណពី ដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពាន របស់ទាហានថៃ និងជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។

តំណាងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅ ចំពោះលោក ឃួង ស្រេង ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កងពលយើងខ្ញុំជានិច្ច។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ អំណោយរបស់សាលារាជធានីភ្នំពេញ ចំនួន២ដង ត្រូវបានដឹកជញ្ជូនយកមកប្រគល់ជូន កងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ។ ក្នុងនាមកងពលធំអន្តរាគមន៍លេខ៣ សូមបង្ហាញពីការតាំងចិត្ត យ៉ាងអង់អាចក្លាហាន ប្រឆាំងនិងសត្រូវឈ្លានពាន ទោះក្នុងតម្លៃណាក៏មិនឱ្យសត្រូវជ្រៀតចូល មកក្នុងអធិបតេយ្យភាពកម្ពុជាបានឡើយ។ សូមពុកម៉ែបងប្អូនជនជាតិរួមទាំងអស់ ជឿទុកចិត្តលើម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគជាច្រើនមុខ សម្ភារប្រើប្រាស់ និងថវិការមួយចំនួនទៀត ប្រគល់ជូនមណ្ឌលសុខភាពគូលែន និង កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងបានរៀបចំបបរចំនួន៣ខ្ទះ ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់មណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងវត្តត្រាវគៀត ពិសារដោយភាពស្និតស្នាល ក្នុងស្មារតីខ្មែរតែមួយ៕








