កូរ៉េ ៖ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់ បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍ សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទ ឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃ យល់ព្រមទៅតុលារការអន្តរជាតិ ។

តាមរយៈព្រឹត្តិការណ៍នេះ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិបន្តជួយឃ្លាំមើល បទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ។

ជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍ សម្តែងមតិរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ បានជំរុញឱ្យប្រទេសថៃ យល់ព្រមទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការអន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។

ទន្ទឹមគ្នានោះសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយក្នុងបុព្វហេតុការពារជាតិ មាតុភូមិបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕




