ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មានលទ្ធភាពជាច្រើនដែលកងទ័ពថៃ អាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថា «ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត»។

សម្ដេច បន្ដថា ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ ម្យ៉ាងទៀត សម្ដេច សូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើត សម្ដេច (៥សីហា២០២៥)ដែលសម្ដេច មិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាម និងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

To Top