ខេត្តព្រៃវែង ៖ លោក ហែម ហឿន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានដឹកនាំមន្ត្រីក្រោមឱវាទ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយឱកាសការងារជាង២៥ម៉ឺនកន្លែង និងបង្កើនការចុះឈ្មោះ ចូលរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ ជូនដល់ប្រជាពលរដ្ឋប្រមាណ ៩៤០នាក់ ក្នុងឃុំចំនួន៤ នៃស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយនោះ លោក ហែម ហឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបតាមរយៈការផ្តល់ឱកាសការងារ ការផ្តល់ការបណ្តុះបណ្តាល និងការមើលថែទាំដោយផ្តល់សេវាគាំពារសង្គមផ្សេងៗ។

ជាមួយគ្នានោះ លោក ហែម ហឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋណែនាំដល់សាច់ញាតិដែលកំពុងនៅប្រទេសថៃឱ្យត្រឡប់មកមាតុភូមិវិញ ព្រោះនៅក្នុងប្រទេសកម្ពុជាមានការងារសម្បូរបែប ហើយមានអត្ថប្រយោជន៍ច្រើនដែលប្រទេសថៃមិនមាន។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយពីឱកាសការងារជាង ២៥ម៉ឺនកន្លែងនេះធ្វើឡើងនៅឃុំចំនួន៤រួមមាន ឃុំដូនកឹង ឃុំត្របែក ឃុំស្មោងខាងជើង និងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង៕




