ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកស្រី ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ជាពិសេស បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណ ចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, លោកបណ្ឌិត កៅ ថាច និងលោកស្រី ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន 2,650 គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន 73,508.29 ដុល្លារអាមេរិក ដោយក្នុងនោះទទួលបានការចូលរួមពី៖
(ទី១). បណ្ឌិត កៅ ថាច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ចំនួន 39,901.29 ដុល្លារ,
(ទី២) ក្រុមហ៊ុន City Rice ចំនួន 8,300 ដុល្លារ,
(ទី៣) ក្រុមហ៊ុន ហង្សហាវេសចំនួន 2,900 ដុល្លារ,
(ទី៤) សហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ចំនួន 37,850 NZD (ស្មេីនឹង 22,407 ដុល្លារ)។
ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដើម្បីជួយសម្រាលបន្ទុកដល់ជនភៀសសឹក ក៏ដូចជាវីរកងព័ទ បងប្អូនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានរួមចំណែកជាថវិកា និងបានចូលរួមក្នុងកម្មវិធីនេះដោយផ្ទាល់ផងដែរ។ សូមបញ្ជាក់ថាថវិកាពីរបងប្អូនក្នុងសហគមន៍ខ្មែរនេះសរុបរួមចំនួន 37,850 NZD គឺថវិកា 3,600 NZD (=2,129 USD) បានពីមូលនិធិដក់សល់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ មិថុនា ២០២៥ និង ថវិកាចំនួន 34,250 NZD (=20,278 USD) បានពីការចូលរួមបន្ថែមក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។
ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជន សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះទំនួលខុសត្រូវសង្គម និងសាមគ្គីភាព ស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ។ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សហការី និងក្រុមការងារ គ្រប់ជាន់ថ្នាក់ទាំងអស់ បានសហការគ្នាយ៉ាងស្វាហាប់ ដ៏មុតមាំ ដោយក្តីមោទនភាព ចំពោះគុណវីរភាពកងទ័ពកម្ពុជានៃការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។





















