បរទេស៖ ក្រុមហ៊ុនរថយន្ត VinFast របស់វៀតណាមបានចាប់ផ្តើមការផលិតនៅរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ៥០០ លានដុល្លារនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃគម្រោងវិនិយោគចំនួន ២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា និងការពង្រីកយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រោងចក្រនៅ ទីក្រុង Thoothukudi ដំបូងនឹងផលិតរថយន្តអគ្គិសនីចំនួន ៥០.០០០ គ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងឱកាសដែលអាចផលិតបានបីដងរហូតដល់ ១៥០.០០០ គ្រឿង។ ដោយមើលឃើញពីភាពជិតរបស់វាទៅនឹងកំពង់ផែដ៏សំខាន់មួយនៅក្នុងរដ្ឋឧស្សាហកម្មភាគច្រើនបំផុតរបស់ឥណ្ឌា VinFast សង្ឃឹមថា វានឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញនាពេលអនាគតទៅកាន់តំបន់។ រោងចក្រនឹងបង្កើតការងារក្នុងស្រុកជាង ៣.០០០កន្លែង។
ក្រុមហ៊ុនវៀតណាមនិយាយថា ខ្លួនបានរុករកទីតាំងចំនួន ១៥ នៅទូទាំងរដ្ឋចំនួន ៦ របស់ឥណ្ឌា មុនពេលជ្រើសរើស Tamil Nadu។ វាជាមជ្ឈមណ្ឌលនៃឧស្សាហកម្មរថយន្តរបស់ប្រទេសឥណ្ឌា ជាមួយនឹងការផលិតដ៏រឹងមាំ កម្មករជំនាញ ហេដ្ឋារចនាសម្ព័ន្ធល្អ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់រដ្ឋ Tamil Nadu លោក T.R.B. រ៉ាចា។
នាយកប្រតិបត្តិក្រុមហ៊ុន VinFast Asia លោក Pham Sanh Chau បាននិយាយថា ក្រុមហ៊ុនមានក្តីប្រាថ្នាក្នុងការនាំចេញរថយន្តទូទាំងតំបន់ ហើយខ្លួនសង្ឃឹមថា នឹងប្រែក្លាយរោងចក្រថ្មីទៅជាមជ្ឈមណ្ឌលនាំចេញ៕
ប្រែសម្រួលៈ ណៃ តុលា
