ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ឱ្យចូលធ្វើការនៅតាម បណ្តារោងចក្រសហគ្រាស

ភ្នំពេញ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។

លោក អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសគឺកំណើនរោងចក្រ សហគ្រាសដែលគិតមកទល់ថ្ងៃនេះគឺមានប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់។ ទន្ទឹមនិងការកើនឡើងរោងចក្រសហគ្រាសនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បាននិងកំពុងមានតម្រូវការនូវកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀតផងដែរ ដើម្បីបំពេញទៅតាមរោងចក្រ សហគ្រាស ហើយរោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិកប.ស.ស។

ជាមួយនេះដែរ លោក អភិបាលខេត្ត បានបង្ហាញនូវការត្រេកអរគ្រាដែលឃើញបងប្អូនជាពលករបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតរបស់បងប្អូនដែលជាឱកាសក្នុងការជួបជុំកូនចៅនិងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះដែរ បងប្អូនអាចធ្វើការនៅក្នុងស្រុកខ្លួនឯងដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាក់ស្រុកទៀតទេ៕

To Top