ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាមន្រ្តីជលផល ត្រូវទប់ស្កាត់ល្មើស នេសាទឱ្យបាន ក្នុងរដូវត្រីពង

តាកែវ ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ក៏បានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង ដែលចាប់ផ្ដើមធ្វើការហាមឃាត់ពីខែសីហា ដល់ខែតុលាខាងមុខ ។

ក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី ទៅក្នុងស្រុកអង្គរបុរី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច និងអង្គការដៃគូអភិវឌ្ឍន៍នានា ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាប បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង ឬនៅតំបន់ត្រីពងជាដើម។

លោក អភិបាលខេត្ដ បន្ដថា អាជ្ញាធរ ត្រូវបំផុសចលនាលែងត្រី នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីលែងត្រី បង្កើន ស្មារតីអភិរក្សជលផល ក៏ដូចជាការ បង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។

លោក អភិបាលខេត្ដ ក៏បានណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួម ការពារកូនបង្កង និងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់ កូនជំនាន់ ក្រោយៗទៀត៕

To Top