ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា កម្ពុជាបាននិងកំពុងបន្ត តាមដានយ៉ាងចិត្តទុកដាក់ និងអំពាវនាវឲ្យភាគីថៃ ដោះលែងទាហានខ្មែរទាំង១៨នាក់ បន្ទាប់ពីមានការឯកភាពគ្នារវាងកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាថ្ងៃ៧ សីហា នៅម៉ាឡេស៊ី ។
ក្នុងកិច្ចប្រជុំ GBC ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាថា ទាហានទាំង១៨រូប ស្ថិតក្រោមការគ្រប់គ្រងរបស់ថៃនោះ ថៃយល់ព្រមគោរពតាមច្បាប់ មនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលទាហាន ដែលត្រូវបានចាប់ខ្លួន រួមទាំងស្ថានភាពរស់នៅ ទីជម្រក អាហារ និងការថែទាំវេជ្ជសាស្រ្តក្នុងករណីមានរបួស ហើយទាហាន ដែលត្រូវបានចាប់ ខ្លួននឹងត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ បន្ទាប់ពីការបញ្ឈប់អរិភាពសកម្ម ស្របតាមមាត្រា១១៨នៃអនុសញ្ញាទីក្រុងហ្សឺណែវ ទីបីឆ្នាំ១៩៤៩ និងវិធាន១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិទំនៀមទម្លាប់ ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ៨ សីហា លោក ជុំ សុន្ទរី ថ្លែងថា ក្នុងពេលមានផលវិជ្ជមាន រវាងកម្ពុជា-ថៃដែលបានឯកភាពគ្នាចំនួន១៣ ចំណុច ក្នុងកិច្ចប្រជុំGBCនោះ កម្ពុជានៅតែព្រួយបារម្ភ ចំពោះជោគវាសនា របស់ទាហានខ្មែរទាំង១៨រូប កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ខណៈកម្ពុជា មិនដែលព្រងើយកន្តើយឡើយ គឺកំពុងបន្តតាមដាន និងអំពាវនាវឲ្យភាគីថៃ ដោះលែងទាហានខ្មែរទាំង១៨នាក់ដែលយោធាថៃបានចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃ២៨ កក្កដា ដែលបានធ្វើឲ្យកម្ពុជាបារម្ភទាំងផ្នែកច្បាប់ និងផ្នែកមនុស្សធម៌ ។
លោកបន្តថា “កម្ពុជាសូមគូសបញ្ជាក់សារជាថ្មីម្តងទៀត នូវការអំពាវនាវ របស់ខ្លួន សូមឲ្យមានការធ្វើមាតុភូមិនិវត្ត ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ចំពោះយោធិនកម្ពុជាទាំង១៨រូបនេះ ហើយទាមទារឲ្យប្រទេសថៃ ផ្តល់អាទិភាព ចំពោះកិច្ចសន្ទនាដោយសុទ្ធចិត្ត ហើយនិងការកាត់បន្ថយភាពតានតឹង ក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ” ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ឃើញថា កាកបាទក្រហមអន្តរជាតិ ក៏បាននិងកំពុងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពយោធិនកម្ពុជា ទាំង១៨រូប ដែលថៃកំពុងគ្រប់គ្រងនោះដែរ៕
