ភ្នំពេញ ៖ គណៈកម្មការ កាកបាទក្រហមអន្តរជាតិ (ICRC) បានទទួលព័ត៌មានថា ទាហានកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ នេះបើតាមការលើកឡើងរបស់ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ការលើកឡើងរបស់ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គូសបញ្ជាក់ថា «ចំពោះការចុះសួរសុខទុក្ខពីសំណាក់ គណៈកម្មការ កាកបាទក្រហមអន្តរជាតិ ICRCនេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលដែលស្ថិតនៅក្រោមការឃុំឃុំខ្លួនរបស់ភាគីថៃនេះ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»។
លោកស្រី បន្ដថា កម្ពុជាស្នើឲ្យភាគីថៃ ចាប់បញ្ជូនកងកម្លាំងរបស់កម្ពុជាទាំង១៨ រូប ឱ្យត្រឡប់មកវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនទុកសមាជិកណាម្នាក់ចោលនោះទេ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕
