កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍អន្តរជាតិ ឱ្យមានលក្ខណៈទូលំទូលាយ ដោយចាប់យកទីផ្សារ ទេសចរណ៍មូស្លីម

ភ្នំពេញ ៖ កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារ ទេសចរណ៍អន្តរជាតិ ឱ្យមានលក្ខណៈទូលំទូលាយ ដោយចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារមានសក្តានុពលមកបំពេញ បន្ថែមទីផ្សារទេសចរណ៍ អន្តរជាតិដែលមានស្រាប់។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ច ទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា នៅថ្ងៃទី១៨ សីហា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើង ប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។
កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារ អន្តរជាតិដែលមានស្រាប់។

លោក រដ្ឋមន្ត្រី បន្តថា បន្ទាប់ពីការ ដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការ ទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយ ដ៏សំខាន់ ដែលបង្ហាញឱ្យឃើញពីការត្រៀម ខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅ ទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី ក៏បានគូសរំលេច នូវអនុសាសន៍គន្លឹះមួយចំនួនចំពោះក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅ មូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិត ស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋាន អាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។

លោក រដ្ឋមន្ត្រី ក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សូមបន្តពង្រឹងគុណភាព សេវាកម្មរបស់ខ្លួន ឱ្យមានគុណភាពកាន់តែល្អប្រសើរឡើង ជាលំដាប់ ជាមួយការ រក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទា គ្រប់គ្រាន់ ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែម នៃការផ្តល់សេវាកម្មរបស់ខ្លួន៕
