តើស្ពាន ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ជួយអ្វីខ្លះដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូន?

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សាធារណការនិង ដឹកជញ្ជូន លោក ផន រឹម បានអោយដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ។

ស្ពាននេះបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព។
អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារ សាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេ ចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ ។

បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖
១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។
២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ខែហើយ ស្មើនឹង ៤០% នៃផែនការសាងសង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារ ដែលគ្រោងទុកទេ ។ គម្រោងនេះ ត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ។
ពេលលសាងសង់រួចស្ពាននេះនឹងជួយ ៖
-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពាន ព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។
-ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ។
-កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕



