លោកស្រី អាំង សុជាតា ខូយ រីដា ចុះសួរសុខទុក្ខ ក្រុមគ្រួសារកងទ័ពជួរមុខ

ពោធិ៍សាត់-លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី ឃឿន សាវន័្ត រស់នៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ត្រូវជាភរិយា លោក ញ៉ន គល់ អាយុ៣៥ឆ្នាំ នៅអង្គភាពវរៈសេនាតូច កំភ្លើងធំ នៃកងពលធំអន្តរាគមន៍លេខ០៣ ឈរជើងនៅពើយតាឌី លើប្រាសាទព្រះវិហារ ដែលមានកូនស្រីឈ្មោះគល់ ចាន់មុន្នី កើតជំងឺអាលែកស៊ីស្បែក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ក្នុងនោះដែរ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ឃឿន សាវន័្ត ត្រូវជាភរិយា លោក ញ៉ន គល់ ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។លោកស្រីក៏បានលើកទឹកចិត្តដល់ លោកស្រី ឃឿន សាវ័ន្តសូមជឿទុក្ខចិត្តលើ អាជ្ញាធរខេត្តជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចាជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រី អាំង សុជាតា ខូយរីដា បានលើកឡើងថា សកម្មភាពនេះ គឺជាការលើកនូវកម្លាំងចិត្តទាំងកងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា គឺការពារឱ្យខានតែបាន នូវទីតាំង និងភូមិសាស្ត្រ ដោយមិនមិនពង្រីកសមរភូមិ ។

ក្នុងឱកាសនោះដែរលោកស្រី បានឧបត្ថម្ភថវិកា ចំនួន១លាន៥០ម៉ឺនរៀល ក្នុងនោះថវិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ចំនួន៥០ម៉ឺនរៀល និង១លានរៀលទៀត ជាការជួយឧបត្ថម្ភរបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ហើយក៏បានចែកជូនសារុង និងថវិកាមួយចំនួន ដល់បុគ្គលិកពេទ្យ និងអ្នកជំងឺផ្សេងៗទៀត នៅក្នុងអគារជំងឺកុមារផងដែរ៕






