“ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ” នេះសម្រែករបស់យុវជនម្នាក់ រងគ្រោះពីការបាញ់ របស់អតីតឧកញ៉ា ស្រី ស៊ីណា

ភ្នំពេញ ៖ “ទីបំផុតពួកយើងទទួល បានយុត្តិធម៌ហើយ” នេះជាសំឡេងរបស់ជនរងគ្រោះម្នាក់ឈ្មោះហុង រិទ្ធីរក្ស ក្នុងចំណោមជនរងគ្រោះ៤នាក់ ដែលរងគ្រោះពីការបាញ់ប្រហារគ្មានញញើតដៃ របស់អតីតឧកញ៉ា ស្រី ស៊ីណា ក្រោយតុលាការកំពូលបានតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល នាព្រឹកថ្ងៃ១៩ សីហានេះ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់យុវជន ហុង រិទ្ធីរក្សដែលជាជនរងគ្រោះពីការបាញ់ប្រហាររបស់អតីតឧកញ៉ា ស្រី ស៊ីណា បានឲ្យដឹងថា “យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ ។ ខ្ញុំបាទសូមអរគុណទៅដល់សម្ដេចពុក ហ៊ុន សែន នឹង សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់យើងខ្ញុំ តាំងពីការកើតរឿងដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ដែលបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ស្រី ស៊ីណាចំនួន៣១ឆ្នាំ និងតម្រូវឲ្យបង់ប្រាក់សងជំងឺចិត្តជាង២.៥លានដុល្លារដល់ជនរងគ្រោះពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត ។
អតីតឧកញ៉ា ស្រី ស៊ីណា បានដកកាំភ្លើងបាញ់ទៅលើគូដណ្តឹង២នាក់ឲ្យស្លាប់ភ្លាមៗ និងមនុស្ស២នាក់ទៀតឲ្យរងរបួសក្នុងផ្ទះបុរីមួយកន្លែង នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មិថុនា ព្រោះតែទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡានមុខផ្ទះ៕
