ព័ត៌មានជាតិ

អ្នកធ្វើឲ្យប៉ះពាល់ អារម្មណ៍កងទ័ព នឹងត្រូវជាប់ពន្ធគារ២-៤ឆ្នាំ និងបង់ប្រាក់ពិន័យ៤-១០លានរៀល

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ពីបទល្មើស «ធ្វើឲ្យខូចទឹកចិត្តកងទ័ព»ថា បទល្មើសនេះ ត្រូវបានកំណត់ដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ទៅ១០លានរៀល ។

កាលពីពេលថ្មីៗនេះ អ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបរបស់កម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការធ្វើឲ្យខូចទឹកចិត្តកងទ័ពខ្មែរ។
ក្នុងវិដេអូប្រមាណជា៦នាទីដែលបានផ្សព្វផ្សាយនាថ្ងៃ១៩ សីហានេះ ពាក់ព័ន្ធបទល្មើស “ធ្វើឲ្យខូចទឹកចិត្តកងទ័ព” លោកបណ្ឌិតទូច សុឃៈ បានសង្កត់ធ្ងន់ថា គឺជាអំពើចូលរួមនៅក្នុងការធ្វើឲ្យខូចទឹកចិត្តកងទ័ព ។ អំពើចូលរួមនេះ ត្រូវបានលោកទូច សុឃៈ ពន្យល់ថា គឺមានរាល់គ្រប់រូបភាព គ្រប់សកម្មភាពទាំងអស់ដែលបណ្តាលឲ្យប៉ះពាល់សតិអារម្មណ៍កងទ័ព ឬយុទ្ធជនដែលធ្វើឲ្យពួកគាត់អស់ស្មារតី អស់ទឹកចិត្ត អស់អារម្មណ៍ អស់ការជឿជាក់ និង អស់ការប្រយុទ្ធ ព្រមទាំងបាត់បង់ម្ចាស់ការ ។ ចំណុចទាំងអស់នេះហើយបានធ្វើឲ្យខូចខាតដល់ការការពារជាតិ ។

លោកក៏បានផ្តាំផ្ញើ ទៅកាន់សាធារណជនថា មុននឹងបរិយាអ្វីមួយត្រូវគិតគូរឲ្យបានម៉ត់ចត់ ទាំងពាក្យសំដី កាយវិការ និងសំណេរផ្សេងៗ ជៀសវាងប៉ះពាល់ដល់អារម្មណ៍របស់កងទ័ព ទាំងនៅសមរភូមិជួរមុខនិងក្រោយ ។

លោកសង្កត់ធ្ងន់ថា “បទល្មើសនេះ គឺត្រូវច្បាប់ព្រហ្មទណ្ឌកំណត់ដាក់ទណ្ឌកម្ម២ប្រភេទ គឺទី១ទណ្ឌកម្មដាក់ពន្ធនាគារ និងទី២ទណ្ឌកម្មពិន័យជាប្រាក់ ហើយដាក់ទាំងពីរនេះព្រមគ្នាតែម្តងមិនមែនដាក់មួយណា បោះចោលមួយណាទេ”។

លោកទូច សុឃៈគូសបញ្ជាក់ថា សម្រាប់បទល្មើសធ្វើឲ្យប៉ះពាល់អារម្មណ៍កងទ័ព គឺជាប់ពន្ធនាគារចាប់ពី២ទៅ៥ឆ្នាំ និងបង់ប្រាក់ពិន័យ៤ទៅ១០លានរៀល ៕

To Top