ក្រសួងការបរទេសកម្ពុជា ៖ ចំណាត់ការផ្លូវច្បាប់របស់ថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភ លើអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ធ្វើឱ្យខូចខាត ដល់ទំនាក់ទំនង កម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចំណាត់ការផ្លូវច្បាប់ របស់ប្រទេសថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើ អធិបតេយ្យភាព និង បូរណភាព នៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរទៀតផង។
តាមរយៈសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ដោយ ក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុក របស់ប្រទេសថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា។
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា «ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើ អធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ប៉ុណ្ណោះទេ ថែម ទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលបានអនុវត្តកន្លងមក ដើម្បី សម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេស ទាំងពីរ»។
ក្រសួងការបរទេសកម្ពុជា បន្ថែមថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុក នឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការ ស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវបទឈប់ បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹង នៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះ ហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការ ជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និង ការស្តារទំនាក់ទំនង ឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ។
