ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យបន្តយកចិត្តទុក លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះជាទុកកង្វល់របស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីនគរបាលទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកកស្ទះចរាចរណ៍ ព្រោះបញ្ហានេះជាទុកកង្វល់សំខាន់បំផុត របស់ប្រជាពលរដ្ឋអ្នកធ្វើដំណើរប្រចាំថ្ងៃ។

ការណែនាំលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង ផ្សព្វផ្សាយផែនការរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរង នគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ តាមស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់លើបញ្ហាធំៗមួយចំនួន និងបានដាក់ចេញ បទបញ្ជាម៉ឺងម៉ាត់ទៅអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ និងកម្លាំងជំនាញពាក់ព័ន្ធយកទៅអនុវត្ត គឺបញ្ហាក្មេងទំនើង, បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ ។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យមន្ត្រីបន្តយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាកក ស្ទះចរាចរណ៍ ព្រោះបញ្ហានេះ ជាទុកកង្វល់សំខាន់បំផុត របស់ពលរដ្ឋអ្នកធ្វើ ដំណើរប្រចាំថ្ងៃ ។ ដោយ លោក បានដាក់បញ្ជាឲ្យការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ ត្រូវដាក់កម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ នៅតាមគោលដៅងាយទទួលរងនូវការកកស្ទះជាប្រចាំ ។ បញ្ហាសណ្តាប់ធ្នាប់ ក៏ត្រូវ តែពង្រឹងឲ្យបានខ្ពស់ នៅតាមតំបន់ប្រជុំជន ក៏ដូចជាតំបន់ផ្សារមានការលក់ដូរ ដោយត្រូវយកចិត្តទុកដាក់រៀបចំ ឲ្យមានរបៀបរៀបរយេបញ្ចៀសបានពីការ បាត់បង់សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ ។
បញ្ហាគ្រឿងញៀន ក៏ត្រូវបានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ទ្វេគុណ ពិសេសបង្ក្រាបឲ្យចំគោលដៅទាំងតូច ទាំងធំ នៅតាមមូលដ្ឋាន និងតាមបណ្តាក្លឹបកម្សាន្ត សំដៅធ្វើយ៉ាងណា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះដែរ បញ្ហាម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកៃច្នៃ ក៏ត្រូវបានដាក់បញ្ជាទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ឲ្យទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ព្រោះបញ្ហានេះ បានបង្កនូវជាក្តីរំខានទៅដល់ប្រជាពលរដ្ឋអ្នកដំណើរ និងពលរដ្ឋរស់នៅក្នុង លំនៅឋានជាដើម៕
