លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព យុទ្ធជនពលីនៅសមរភូមិមុខ

ស្ទឹងត្រែង ៖ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកអំណោយ ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី ស៊ីថា រទ្ធី។

លោកអនុសេនីយ៍ត្រី ស៊ីថា រទ្ធី គឺជាយុទ្ធជន នៃវរសេនាតូចអន្តរាគមន៍ ២៨២ ដែលបានពលីជីវិត កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ ក្នុងសមរភូមិស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ពិធីនេះត្រូវបានធ្វើឡើងនៅគេហដ្ឋានគ្រួសារនៃសព ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងរំឭកពីវីរភាពរបស់វីរៈកងទ័ព ដែលបានលះបង់ជីវិតដើម្បីការពារជាតិ និងបូរណភាពទឹកដី។ លោកជំទាវបានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទាំងអស់នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងនេះ។

ជាមួយគ្នានោះ លោកជំទាវក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារសពផងដែរ ។ លើសពីនេះ លោកជំទាវបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារសព ដើម្បីជួយសម្រាលទុក្ខលំបាក ៕




