ព័ត៌មានជាតិ

លោក ប៉ែន បូណាចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ថៃលើថ្នាក់ដឹកនាំកម្ពុជា ធ្វើឲ្យខូចខាតដល់ទំនាក់ទំនងប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់នាយករដ្ឋមន្រ្តីស្តីទីថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមកដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរ។

នេះជាការលើកឡើងរបស់លោកក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៩ ខែសីហា ។

លោកបន្តថា ប្រការរបស់នាយករដ្ឋមន្រ្តីថៃ លោកវិឆាយ៉ាឆៃនេះ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែល បានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីកាសែតថៃបានចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃបានលើកឡើងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ៕

To Top