ក្រសួងកសិកម្ម គ្រោងបំពាក់ម៉ាស៊ីនថត ស្វ័យប្រវត្តិ និងប្រើដ្រូនឃ្លាំមើលផ្សោត

ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានសហការជាមួយនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល គ្រោងបំពាក់ម៉ាស៊ីន ថតស្វ័យប្រវត្តិនិងប្រើប្រាស់ដ្រូន សម្រាប់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ។នេះបើតាមលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី នៅថ្ងៃទី១៩ សីហា ។

លោកស្រីបន្តថា បើគ្មានការប្រែប្រួលណាមួយនោះទេ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ WWF ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

លោកស្រីថា ការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនេះ ធ្វើឡើងក្នុងគោលដៅឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់សត្វផ្សោត និងសកម្មភាពនានាតាមដងទន្លេ ជាពិសេសបទល្មើសនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត តាមរយៈការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការបង្ហោះដ្រូន។
លោកស្រី អ៊ឹម រចនា គូសបញ្ជាក់ថា គម្រោងសាកល្បងដែលនឹងដាក់ដំណើរការនាដើមឆ្នាំក្រោយ គឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជាឲ្យបានកាន់តែច្រើន។ ទន្ទឹមគ្នានេះ ក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រចំណេះជំនាញថ្មីៗបន្ថែមទៀត ដើម្បីអាចអនុវត្តការងារនេះបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ៕

