ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ បុគ្គលទាំងឡាយ អាចប្ដឹងទៅតុលាការ ទាមទារសញ្ជាតិមកវិញ បើបំពេញលក្ខ័ណនានា ជាចាំបាច់ដែលត្រូវអនុញ្ញាត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការដកសញ្ជាតិបុគ្គលណាមួយ គឺមានការតឹងរឹងណាស់ ហើយបុគ្គលទាំងនោះ អាចប្ដឹងទៅតុលាការក្នុងការទាមទារសញ្ជាតិមកវិញ បើបំពេញលក្ខណៈ និងលក្ខ័ណនានាចាំបាច់ ដែលត្រូវអនុញ្ញាត។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញព្រះរាជានុញ្ញាត ឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ព្រះរាជក្រម ព្រះមហាក្សត្រ ដែលដាក់ឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៣នេះ ធ្វើឡើងក្រោយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានពិភាក្សា និងអនុម័តតាមរយៈសម័យប្រជុំនៃអង្គនីតិបញ្ញត្តិជាបន្តបន្ទាប់ នៅក្នុងខែកក្កដា ឆ្នាំ២០២៥។

ក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្ម សាសនា នៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំង អំពើជួញដូរមនុស្សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ក្នុងពិភពលោកមានចំនួន ១៥០ប្រទេសរួចទៅហើយ ប្រទេសកំពុងអនុវត្តច្រើនជាងគេដកសញ្ជាតិនេះ នៅអឺរ៉ុប និងនៅអាស៊ាន ដូច្នេះអត់អ្វីថ្មីឡើយ។

ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា «ខ្ញុំ សូមបញ្ជាក់ ម្ដងហើយ ម្ដងទៀត ទៅលើកិច្ចការងារនេះ កុំថា អានេះជាការរឹតបណ្ដឹងសិទ្ធិអំណាច ក្នុងទទួលបានសញ្ជាតិស្រប់ច្បាប់ដើមកំណើត នៅលើទឹកដីរបស់ខ្លួន ហើយក៏មានភាពផុយស្រួលក្នុងការដកទៅវិញ អាហ្នឹងមិនមែន ការដកគឺតឹងណាស់ ហើយបុគ្គលទាំងនោះ អាចប្ដឹងទៅតុលាការ ក្នុងការទាមទារសញ្ជាតិមកវិញ បើយើងត្រូវបំពេញលក្ខណៈ លក្ខ័ណនានាចាំបាច់ ដែលត្រូវអនុញ្ញាត»។

យោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ គឺមាននៅក្នុងសម័យសង្គមរាស្រ្តនិយម៕

To Top