បេក្ខជនប្រឡងបាក់ឌុប នឹងធ្លាក់ដោយស្វ័យប្រវត្តិ បើយកឧបករណ៍ហាមឃាត់ ចូលមណ្ឌលប្រឡង

ភ្នំពេញ ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃ២៨ សីហា ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារទុកជាមុនទៅបេក្ខជនប្រឡងទាំងអស់ថា មិនត្រូវយកឧបករណ៍ហាមឃាត់ចូលក្នុងមណ្ឌលប្រឡង បើយកចូលនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិជាមិនខាន។
ក្នុងឱកាសនៃការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹក២១សីហានេះ ក្រសួងបានឲ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត ចាប់ពីព្រឹកថ្ងៃ២១ សីហានេះតទៅ ។
ក្រសួងអប់រំ ក៏អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕



