សកម្មភាពដឹកជញ្ជូន ប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានី-ខេត្ត

ភ្នំពេញ ៖ នាព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀម សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥។ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាព ក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសា ទៅតាមបណ្ដារាជធានី-ខេត្តនានា។ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ដោយរលូនក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៦គឺ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ប្រភព: ផេកក្រសួងអប់រំ យុវជន និងកីឡា



