រដ្ឋមន្ដ្រីអប់រំ ណែនាំគណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដើម្បីប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយភាពរលូន

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ និងគណៈកម្មការនានា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ជាពិសេសបានគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និងតួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានា អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយគាំទ្រ ដល់ដំណើរ ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យដំណើរការ នៃកំណែទម្រង់ក្នុងវិស័យអប់រំឱ្យទទួលបានជោគជ័យ ក៏ដូចជាបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង ចូលរួមក្នុងការអនុវត្តកំណែទម្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕
