សហជីពនៅកម្ពុជា៖ វិធានការរកការងារ ជូនពលករមកពីថៃ របស់ក្រសួងការងារ មានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការ យកចិត្តទុកដាក់

ភ្នំពេញ ៖ សហជីពនៅកម្ពុជា វាយតម្លៃថា ការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរកការងារជូនពលករខ្មែរ ដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង ។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារ បានដាក់ចេញ នូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរ ដែលត្រឡប់មកពីថៃ ឱ្យទទួលបានឱកាសការងារ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។
លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារ ដែលបានជួយសម្របសម្រួលដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និង មានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់ មួយដែលក្រសួងការងារ បានដាក់ចេញបន្ថែមលើការងារ ដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថាវិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា៖ “នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនដល់ពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់”។

ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សា សិទ្ធកម្មករកម្ពុជា បានគូសបញ្ជាក់ពីការចូលរួម របស់សហជីពជាមួយក្រសួងការងារ ក្នុងការសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។

ប្រធានសហជីពរូបនេះ លើកឡើងថា៖ “ក្នុងនាមជាសហជីព ក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកា នៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹង និយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមក”។

ដើម្បីធានាថាវិធានការ របស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ ជាពិសេសពលករខ្មែរ ដែលបានត្រឡប់មកពីថៃ សូមរូតរះ ដាក់ពាក្យរកការងារធ្វើ ដើម្បីឆាប់ទទួលបានឱកាសការងារ និងសូមរក្សាភាពអត់ធ្មត់ និងជឿជាក់លើការសម្របសម្រួល របស់ក្រសួងការងារក្នុងការរកការងារជូនបងប្អូនពលករ និងប្រជាជនខ្មែរគ្រប់ៗគ្នា។

បន្ថែមពីនេះ សហជីពនៅកម្ពុជាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយក្រសួងការងារក្នុងការសម្របសម្រួល និងស្វែងរកឱកាសការងារជូនដល់ពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ៕



