រដ្ឋមន្ត្រី ហេង សួរ រំលឹកពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍ ពលករយ៉ាងកក់ក្តៅ នៅច្រកព្រំដែន

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកអំពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាច្រកព្រំដែន ចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដល់ទឹកដីកំណើតវិញ ជាលើកដំបូង បន្ទាប់ពីនៅថៃមានការបារម្ភដល់ការធ្វើទុក្ខបុកម្និញពីក្រុមជាតិ ជ្រុលនិយមថៃ។

ការរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ អំពីយន្តការគាំទ្រដល់ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ បានលើកឡើងថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តជាប់ព្រំដែន បានរួមសហការគ្នាល្អក្នុងការរៀបចំមណ្ឌលសំចត និងកន្លែងទទួលពលករចំនួន ៦កន្លែង ដើម្បីរង់ចាំទទួលស្វាគមន៍ពលករត្រឡប់មកពីប្រទេសថៃ។ ដោយឡែក សមត្ថកិច្ចនៅតាមច្រកព្រំដែន បានសម្រួលមិនទាមទារឯកសារ ឬមួយការបំពេញបែបបទ នៅពេលដែលប្រជាពលរដ្ឋនិង ពលករវិលត្រឡប់មកវិញនោះទេ។

លោកបញ្ជាក់ថា នៅមណ្ឌលសំចតទាំង៦ មានមន្ត្រីក្រសួងការងាររង់ចាំទទួលស្វាគមន៍ និងផ្តល់ព័ត៌មានការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងប្រាប់ពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ជាមួយគ្នានោះ ក៏មានរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុវជនស្ម័គ្រចិត្ត បានចូលរួមចំណែក នៅទីនោះដើម្បីសម្របសម្រួលការហូរចូលមកវិញនៃបងប្អូនពលករ ជួយលើកដាក់ឥវ៉ាន់ ផ្តល់ជូនទឹកសុទ្ធ ផ្តល់បញ្ជីឈ្មោះរោងចក្រ ផ្តល់រថយន្តធ្វើដំណើរ ទៅស្រុកកំណើតដោយមិនគិតថ្លៃ ក៏ដូចជាមានការឆុងមីជូនផងដែរ។

លោកថ្លែងថា៖«ឥឡូវនេះ នៅពេលដែលយើងធ្វើការអង្គេត មើលទៅទាំងអង្គការ IOM ឬក៏អង្គការផ្សេងៗទៀតដែលពាក់ព័ន្ធ នៅពេលដែលគាត់ បានសួរបងប្អូនប្រជាពលរដ្ឋ របស់យើងដែលគាត់ត្រឡប់មកវិញនេះ គាត់បានកោតសរសើរ ហើយគាត់ពេញចិត្ត ចំពោះការសម្រួបសម្រួល របស់រាជរដ្ឋាភិបាលក្នុងការ ទទួលស្វាគមន៍គាត់នៅតាមច្រក»។

សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធ និងការបិទព្រំដែនដោយឯកតោភាគី របស់ថៃ រាជរដ្ឋាភិបាលបានប្រមើលឃើញថា កំសួលនៃក្រុមជាតិជ្រុល និយមថៃនឹងបង្កើនការធ្វើទុកបុកម្និញលើពលករកម្ពុជា ហេតុនេះ សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី បានផ្តល់ជាអនុសាសន៍ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនចូលទៅទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវ ដល់បងប្អូនវិលត្រឡប់មកប្រទេសកំណើតវិញ បើសិនជាខ្លួនយល់ថា មានការរើសអើង យាយី ធ្វើទុក្ខបុកម្និញចំពោះសុខសុវត្ថិភាពបងប្អូន។ គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានចំនួនសរុបប្រមាណជាង៩០ម៉ឺននាក់ ៕






