វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់ឱកាសការងារចំនួន ២៤៦៣កន្លែង ដល់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ

ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារ ដ៏សម្បូរបែបចំនួន ២៤៦៣កន្លែង ជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
អ្នកស្រី ផល សុខលី ជាពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលទទួលបានការងារថ្មី ហើយខ្ញុំសូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានជួយរកការងារដល់ខ្ញុំ ក៏ដូចជាពលករខ្មែរដទៃទៀតផងដែរ»។

ពលករខ្មែរមួយរូបទៀត ដែលទើបត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានឱកាសការងារថ្មីភ្លាមដែរ តាមរយៈការសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិយាយថា អ្នកស្រីសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមវិលត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតយើងវិញ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាយើង មិនខ្វះឱកាសការងារនោះទេ»។

ចំណែកពលករខ្មែរមួយរូបទៀតដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ បានលើកឡើងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះការងារទេ ព្រោះរាជរដ្ឋាភិបាលយើងបានរៀបចំការងារល្អៗ មានទីកន្លែងស្នាក់នៅទៀត។ ពេលខ្ញុំមកដល់ភ្លាម គឺមានការងារថ្មីធ្វើភ្លាម ហើយថៅកែចិត្តល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ មានបាយទឹកឱ្យហូបអត់មានការពិបាកអីទេ»៕

